ខេត្តកំពង់ឆ្នាំង ៖
បុរសម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះភ្លាមៗ
នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង
បន្ទាប់ពីត្រូវជនមិនស្គាល់មុខលួចកាប់ជាច្រើនកាំបិតចិតត្នោត
កាលពីវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី២៤ មិថុនា
នៅក្នុងតៀមលក់ដូរមួយកន្លែងស្ថិតក្នុងភូមិអូររោង
ឃុំជ្រៃបាក់់ ស្រុករលាប្អៀរ ។
លោកអធិការនគរបាលស្រុករលាប្អៀរបានឱ្យដឹងថា
បុរសរងគ្រោះឈ្មោះ ហេង ថេន អាយុ២៦ឆ្នាំ ជាកសិករ
រស់នៅភូមិព្រៃលាក់នាង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ
មានប្រពន្ធឈ្មោះ ចាន់ សុភា អាយុ២៨ មានកូន២នាក់
ជាកម្មការិនីរោងចក្រកាត់ដេរ ។ លោកបានបន្តថា
បើទោះបីពេលនេះមិនស្គាល់ជនដៃដល់ក៏ពិតមែន
ប៉ុន្តែគេបានដាក់ការសង្ស័យលើឈ្មោះ ទុយ ឌីយ៉ាម៉ង់
អាយុ២៦ឆ្នាំ រស់នៅភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ
ដែលពេលនេះកំពុងរត់គេចខ្លួន ។
បុរសរងគ្រោះនិយាយថា ក្នុងពេលកើតហេតុ
រូបគាត់កំពុងផឹកស្រាបៀរជុំគ្នាជាមួយមិត្តភក្តិ២នាក់ទៀតនៅ
ក្នុងតៀមលក់ដូរ
ស្រាប់តែជនល្មើសដើរមកពីក្រោយខ្នងទាញកាំបិតចិតត្នោតកាប់មកលើ
ក្បាលគាត់តែម្តង បណ្តាលឱ្យរងរបួសធ្ងន់លើក្បាលចំនួន៦កាំបិត
និងស្មាខាងឆ្វេង១កាំបិត ។
បុរសរងគ្រោះបន្តទៀតថា
ជនល្មើសរូបនោះគាត់មិនដែលស្គាល់គ្នាពីមុនមកទេ
ហើយក៏ពុំដែលមានគំនុំអ្វីពីមុនមកដែរ ។
សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានឱ្យដឹងថា ក្រោយពេលកើតហេតុ
ជនល្មើសបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន ។ ក្នុងករណីនេះ
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត
ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕