ខេត្តព្រៃវែង ៖
បុរសម្នាក់បានធ្វើអត្តឃាតដោយយកខ្សែអង្រឹង ពណ៌ខៀវ
ចង.កនឹងមែកឈើកម្ពស់ពីដីប្រហែលជិត៣ម៉ែត្រ
បណ្តាលឱ្យស្លាប់ចោលប្រពន្ធ និងកូនតូចៗឱ្យនៅកំព្រា ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ
ឈានចូលថ្ងៃទី២៤ មិថុនា នៅខាងក្រោយផ្ទះរបស់កសិករម្នាក់ឈ្មោះ
សា តែង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបន្លិច ឃុំពាមមានជ័យ
ស្រុកពាមរក៍ ។
លោក អ៊ុំ គីមសាន
នាយផ្នែកត្រួតពិនិត្យធ្វើកោសល្យវិច័យនៃអធិការដ្ឋាននគរបាលស្រុក
ពាមរក៍ បានឱ្យដឹងថា បុរសដែលចង.កធ្វើអត្តឃាតនេះឈ្មោះ ជា
សុផល អាយុ៤៩ឆ្នាំ ជាកសិករ មានប្រពន្ធឈ្មោះ ចាន់ សុផុន
អាយុ៤៦ឆ្នាំ មានកូន៤នាក់ (ប្រុស៣ ស្រី១) នៅតូចៗ ។
មូលហេតុដែលនាំឱ្យបុរសឈ្មោះ ជា សុផល ដាច់ចិត្តធ្វើអត្តឃាតនេះ
គឺព្រោះតែជំពាក់ប្រាក់ឥណទានច្រើនពាន់ដុល្លារ
មិនដឹងជារកប្រាក់ឯណាសងបានក៏គិតខ្លីបែបនេះ ។
ចំណែកអ្នកស្រី ចាន់ សុផុន ជាប្រពន្ធនិយាយថា
ប្តីរបស់គាត់ចង.កសម្លាប់ខ្លួនក៏ព្រោះតែជំពាក់បំណុលគេច្រើនពេក
។ អ្នកស្រីបានរៀបរាប់ថា គ្រួសាររបស់គាត់មានសមាជិកទាំងប្តី
ប្រពន្ធ និងកូន៤នាក់ រួមនឹងឪពុកម្តាយក្មេកសរុប៨នាក់
មានដីធ្វើស្រែចម្ការតិចតួច
និងទទួលផលបានតិចហូបមិនគ្រប់គ្រាន់ ។ ដោយមូលហេតុនេះ
ប្តីគាត់ពិបាកចិត្ត
ក៏យកប្លង់ដីទៅបញ្ចាំដើម្បីចងការប្រាក់ឥណទាន
យកមកធ្វើដើមរកស៊ីបន្តទៀត
តែដោយធ្វើបានផលតិចហើយហូបពុំគ្រប់គ្រាន់
គ្មានប្រាក់សម្រាប់បង់រំលស់ ទាំងដើម ទាំងការ
យូរៗទៅ១.០០០ដុល្លារឡើងដល់៤ទៅ៥ពាន់ដុល្លារ
ធ្វើឱ្យប្តីគាត់កាន់តែគិតច្រើន រហូតធ្លាក់ខ្លួនឈឺ ។
អ្នកស្រីបញ្ជាក់ទៀតថា មុនថ្ងៃកើតហេតុ
ប្តីគាត់ទើបតែឱ្យគ្រូពេទ្យដាក់សេរ៉ូមឱ្យអស់២ទៅ៣ប្លោក
ហើយនៅតែពុំធូរស្បើយ ព្រោះជាជំងឺផ្លូវចិត្ត ។
អ្នកស្រីមិននឹកស្មានដល់ថា
ប្តីរបស់គាត់ដាច់ចិត្តគិតខ្លីយ៉ាងដូច្នេះទេ ។
មន្ត្រីអាជ្ញាធរឃុំពាមមានជ័យ បានបង្ហើបថា
មិនមែនតែគ្រួសារមួយនេះទេ
គឺមានកសិករជាច្រើនគ្រួសារណាស់ដែលជំពាក់ឥណទាន ។
មុននេះនៅឃុំបន្លិចប្រាសាទ
ស្ត្រីម្នាក់បានលេបថ្នាំកណ្តុរសម្លាប់ខ្លួនដែរ
ព្រោះតែជំពាក់ប្រាក់គេចំនួន២.០០០ដុល្លារ៕
