Wednesday, July 17, 2013

Google ត្រៀម ៥០០លាន​ដុល្លារ​ជំរុញ​ទីផ្សារ X Phone បង្ក្រាប Apple និង Samsung


By on 6:12 PM

Google ថ្មីៗ​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ខិតខំ​ជំរុញ​ប្រជាប្រិយភាព​ឱ្យ Moto X កើន​ឡើង​យ៉ាង​ខ្លាំង​បំផុត​ដោយ​​ត្រៀម​​ចំណាយ​ប្រាក់​ប្រមាណ ៥០០លាន​ដុល្លារ​ សម្រាប់​បេសកកម្ម​នេះ។ នេះ​បើ​តាម​សំដី​របស់​អ្នក​តាមដាន​យ៉ាង​ជិត​ស្និត Google ប្រាប់​ទៅ​ព្រឹត្តិបត្រ​ព័ត៌មាន Wall Street Journal។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​ពី ABC ឱ្យ​ដឹង​ទៀត​ថា Motorola នឹង​ដាក់​បុគ្គលិក​ថ្មី​ចំនួន ២០០០នាក់​ទៅ​ក្នុង​សង្វាក់​ផលិតកម្ម​ផលិត Moto X នេះ​នៅ​ក្នុង​ទីក្រុង Fort Worth រដ្ឋ Texas។ ការ​នេះ​នឹង​ជួយ​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន បញ្ចេញ​លក់​បាន​ឆាប់រហ័ស​នា​ពេល​ខាង​មុខ។
លោក Dennis Woodside នាយក​ប្រតិបត្តិ Motorola បាន​ប្រកាស​រួច​មក​ហើយ​ថា Smartphone នេះ​នឹង​ចេញ​លក់​នៅ​តាម​ក្រុមហ៊ុន​ចែកចាយ​នៅ​អាមេរិក​ដំបូង​គេ។ Motorola កន្លង​ទៅ​បាន​ព្យាយាម​លក់ Smartphone ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែរ តែ​ហាក់​មិន​កាក់កប​ទាល់​តែ​សោះ តែ​សម្រាប់​ការ​ពួត​ដៃ​បន្ថែម​កម្លាំង​ពី Google លើក​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ Apple ក៏​ដូច​ជា​ Samsung បាន​ភ្លឺ​ភ្នែក​មិន​ខាន។
Smartphone Moto X ដ៏​អាថ៌កំបាំង​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​លក់​ដំបូង​នៅ​ក្រុមហ៊ុន​ទូរសព្ទ AT&T, Sprint, T-Mobile និង Verizon Wireless ក្នុង​អំឡុង​ខែ​កញ្ញា-វិច្ឆិកា​ខាង​មុខ។ សារព័ត៌មាន ABC ក៏​បាន​ឱ្យ​ដឹង​ដើម​ខែ​នេះ​ដែរ​ថា X Phone នឹង​បង្ហាញ​រាង​ផ្លូវការ​ជា​មួយ​ជម្រើស​ពណ៌​ផ្សេង​គ្នា​ត្រង់​សម្បក​ខាង​ ក្រោយ។ វា​ដំណើរការ​ដោយ Android 4.2.2 Jelly Bean។
ទូរសព្ទ​ Motorola X (ឬ​​ឈ្មោះ​ពេញ Motorola XT 1056) ត្រូវ​គេ​ជឿ​ថា ​មាន​ទំហំ​អេក្រង់ ៤,៧ អ៊ីញ​ Resolution 720p និង​ CPU ​Snapdragon ល្បឿន 1.7 GHz។ បំពាក់ RAM ទំហំ 2GB និង​មាន​មេម៉ូរី​ម៉ាស៊ីន​ទំហំ 16GB។
Smartphone ដែល​ជា​ការ​រួម​សហការ​គ្នា​រវាង Google និង Motorola គឺ X Phone ថ្ងៃ​នេះ​កាន់​តែ​ច្បាស់​រូបរាង​មែន​ហើយ​ ​ដោយ​​មាន​​បែក​ធ្លាយ​​រូប​ចេញ​ពី​គេហទំព័រ GforGamers ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះ៖